នំអន្សមមីងត្រើន៖រួមចំណែកពង្រីករបរប្រពៃណី
គ្រួសារមីងថាច់ធីត្រើន នៅភូមិគីមកូវ ឃុំគីមហ្វា ស្រុកកូវង៉ាងបានប្រកបរបរវេចនំអន្សមជិត ៣០ ឆ្នាំកន្លងមក។ របរនេះ បានមីងចាត់ទុកថាជារបរប្រពៃណីរបស់គ្រួសារ។

លោកស្រីថាច់ធីត្រើនកំពុងរៀបចំនំអន្សមដើម្បីផ្ញើជូនអតិថិជន។

មីងថាច់ធីត្រើនបានឲ្យដឹងថា៖ខ្ញុំចេះវេចនំអន្សមពីម្ដាយខ្ញុំ។ ម្ដាយខ្ញុំគាត់បាន ផ្តើមប្រកបមុខរបរវេចនំអន្សមពីឆ្នាំ ១៩៧៥ យកទៅលក់នៅតាមផ្សារ ហើយក្រោយមកមានខ្ញុំ និងបងស្រី ២ នាក់ទៀតប្រកបមុខរបរវេចនាំអន្សមនេះ។ ខ្ញុំបានរៀនវេចនំពីម្តាយតាំងពីឆ្នាំ ១៩៩៣ ម៉្លេះ។ បន្ទាប់ពីខ្ញុំបានរៀបការគឺជាពេលដែលខ្ញុំចាប់ផ្តើមបង្កើតមុខរបរវេចនំអន្សមរបស់គ្រួសារដោយខ្លួនឯង។ អស់រយៈពេល ៣០ ឆ្នាំដែលបានផ្សារភ្ជាប់ជាមួយនឹងមុខរបរ បច្ចុប្បន្នខ្ញុំបង្កើតបានពាណិជ្ជសញ្ញា និងបានចុះបញ្ជីស្លាកសញ្ញាឯកជនមានឈ្មោះថាគ្រឹះស្ថានផលិតនំអន្សមមីងត្រើន។ ជាមួយនឹងបទពិសោធន៍ និងជំនាញក្នុងការធ្វើនំ មីងបង្កើតបានទំនុកចិត្តដល់អតិថិជននៅជិតឆ្ងាយហើយបានអ្នកប្រើប្រាស់ចូលចិត្ត។

នំអន្សមមីងត្រើនឆ្លងកាត់ដំណាក់កាលជាច្រើនឆ្នាំ ក្នុងការវេចតាំងពីផ្សំគ្រឿងទេសរួចវេច និងស្ងោរនំ។ ប៉ុន្តែចំណុចពិសេសគឺ នំរបស់គាត់មានរូបមន្តក្នុងការផ្សំគ្រឿងទេសសម្រាប់លាយសាច់ខ្លាញ់ និងពងទាយ៉ាងឆ្ងាញ់ និងបានអតិថិជនចូលចិត្ត។ នំអន្សមមីងត្រើនមាន ០៣ ប្រភេទគឺនំអន្សមមានស្នូលសាច់នឹងខ្លាញ់ សាច់ជាមួយពងទាប្រៃ ជាពិសេសនំអន្សមមានស្នូលបីពណ៌បានធ្វើពីគ្រឿងផ្សំធម្មជាតិ។

កត្ដាសំខាន់មួយក្នុងការធ្វើនំអន្សមឲ្យមានរសជាតិឈ្ងុយឆ្ងាញ់គឺនំបានស្ងោរដោយចង្រ្កានអុសដូចខ្មែរយើងធ្លាប់ធ្វើពីបុរាណមក។ ចំពោះការជ្រើសអង្ករដំណើបមីងត្រើនបានជ្រើសរើសប្រភេទអង្ករដំណើបដែលទន់អាចធ្វើឲ្យ នំប្រែជាទន់។ របៀបវេចនំក៏មានសារៈសំខាន់ដែរ គឺវេចកុំឲ្យធូររលុងពេកឬក៏តឹងពេកវាអាចធ្វើឲ្យនំមិនសូវមានរសជាតិឆ្ងាញ់។ ពិសេសជាងនេះទៅទៀត ដើម្បីធ្វើនំអន្សមឲ្យមានរសជាតិឈ្ងុយឆ្ងាញ់គឺយោងលើវត្ថុធាតុដើម គឺជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់។ នំអន្សមមីងត្រើនបានចែកចាយតាមការដាក់ពាក្យទិញរបស់អតិថិជន។ នំនឹងបានវេចជារៀងរាល់ថ្ងៃហើយក្នុងមួយថ្ងៃគ្រឹះស្ថានរបស់មីងនឹងវេចនំពី ១០០-៣០០ នំ ភាគច្រើននៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យចូលឆ្នាំចិន។ មុខរបរវេចនំអន្សមមីងត្រើនមិនត្រឹមតែបង្កើតការងារស្ថិរភាពជូនសមាជិកក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារសម្រាប់ពលកម្មដែលទំនេរចំនួន ០២ នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំណូលពី ១៥០.០០០ - ២០០.០០០ដុងក្នុងមួយថ្ងៃ។

លោកមាថាច់វ៉ូយ (ប្ដីមីងត្រើន) ចែករំលែកថា៖ក្នុងឱកាសពិធីបុណ្យ  ប្រពៃណីជាតិខ្មែរមានដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា និងបុណ្យអកអំបុក។ល។ ចំនួននំនឹងបានវេចច្រើនជាងថ្ងៃធម្មតាហើយត្រូវជួលមនុស្សបន្ថែមដល់ ៥០ នាក់ដើម្បីវេចឲ្យបានច្រើនពី ៥.០០០ - ៧.០០០នំក្នុងមួយថ្ងៃ។ ក្រៅពីការដឹកជញ្ជូនតាមការដាក់ទិញ គ្រឹះស្ថានក៏មានលក់រាយផងដែរក្នុងតម្លៃពី ៥០.០០០-១៥០.០០០ដុងក្នុងមួយនំ។

ជាមួយនឹងរបរប្រពៃណីវេចនំអន្សមដែលបានស្នងបន្តពីឪពុកម្តាយ ផ្ដើមពីអាជីវកម្មខ្នាតតូចបច្ចុប្បន្នបានក្លាយជាគ្រឹះស្ថានមានកេរ្តិ៍ឈ្មោះនិងមានគុណភាពនៅក្នុងតំបន់។ ប្ដីប្រពន្ធគាត់មិនត្រឹមតែពង្រីកសេដ្ឋកិច្ចឲ្យគ្រួសារហើយនៅទាំងបង្កការងារធ្វើជូនពលករខ្មែររស់នៅតំបន់នោះ ជាពិសេសគឺបងប្អូននារីជាមេផ្ទះ។ ទន្ទឹមនោះ រួមចំណែកក្នុងការថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរទៀតផង៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291808